ដោយ អាន ស៊ីថាវ
ECOPEDIA (ប្រព័ន្ធព័ត៌មានសេដ្ឋកិច្ចកម្ពុជា)
នៅប្រទេសកម្ពុជា មានសហគ្រាសចុះបញ្ជី ជិត ៤ម៉ឺន២ពាន់សហគ្រាស់ ក្នុងនោះ ជិត៨០% ផ្ដោតលើការកែច្នៃ លើផ្នែកកសិកម្ម។
ចំណុចសំខាន់៖
- សហគ្រាសដែលចុះបញ្ជីមានជាង ៤ម៉ឺន១ពាន់ ក្នុងនោះប្រមាណ ៨០% ផ្ដោតលើការកែច្នៃលើផ្នែកកសិកម្ម បើយោងតាមក្រសួងសិប្បកម្ម
- សហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើងថា កម្ពុជាខាតបង់ទឹកប្រាក់ ២ពាន់លានដុល្លា ពីការនាំចេញ វត្ថុធាតុដើមមិនទាន់កែច្នៃ
- ក្រសួងកសិកម្ម រកឃើញថា វត្ថុធាតុដើមនាំចេញទៅក្រៅប្រទេស មានទំហំ ៧លានតោន ក្នុងនោះ ៣០% នាំចេញក្រៅផ្លូវការ កាលពី ឆ្នាំ២០១៩
ផលិតភាពទាប នៅក្នុងវិស័យកសិកម្ម ជាបញ្ហាប្រឈមខ្លាំងចំពោះ លើភាពប្រកួតប្រជែងទីផ្សារ ។ ចាប់តាំងពី ការដាំដុះ រហូតដល់ ការកែច្នៃ វិស័យកសិកម្មត្រូវការជួយជ្រោមជ្រែងច្រើន ពីរាជរដ្ឋាភិបាល តាមរយៈ ជំនួយផ្នែកបច្ចកទេស ជំនួយផ្នែកហិរញ្ញវត្ថុ ការធានាទីផ្សារ និងត្រូវមានយុទ្ធសាស្រ្ត គាំពារដល់សហគ្រាស់ផលិតកម្មក្នុងស្រុក ។
ការលើកឡើងរបស់អ្នកវិភាគវិស័យកសិកម្ម រកឃើញថាវិស័យ កសិឧស្សាហកម្មនៅប្រទេសកម្ពុជា ត្រូវការទុនយ៉ាងហោចណាស់ ៣០០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីជួយទ្រទ្រង់ ដល់វិស័យ កសិឧស្សាហកម្ម ដែលគាំទ្រដល់ ការផលិតដើម្បីជំនួសការនាំចូល និងបម្រើដល់ការនាំចេញ។
ការលើកឡើងដោយសហគ្រាស់ក្នុងស្រុកជាច្រើន កត់សម្គាល់ថា នៅរយៈពេល៥ឆ្នាំក្រោយ វិស័យកែច្នៃកម្ពុជា នឹងមានភាពប្រកួតប្រជែងខ្ពស់ បើសិនជារដ្ឋាភិបាលមានគោលនយោបាយសមស្រប និងការលើកទឹកចិត្តផ្នែកពន្ធជាដើម។ សហព័ន្ធស្រូវអង្ករកម្ពុជាយល់ថា កម្ពុជាត្រូវបង្កើត គំរូកសិឧស្សាហកម្ម ជាចង្កោមសហគ្រាស់ (SMEs Clusters) ហើយត្រូវធ្វើវាឲ្យដំណើរការ។
ជាក់ស្ដែង បើយោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម បង្ហាញថា សហគ្រាសចុះបញ្ជី មានជិត ៤ម៉ឺន២ពាន់ ក្នុងនោះ ជិត៨០% ផ្ដោតលើការកែច្នៃ លើផ្នែកកសិកម្ម។
កាលពីឆ្នាំ ២០១៩ កម្ពុជាបាននាំចេញ ផលិតផលកសិកម្មទៅក្រៅប្រទេសចំនួន ៧លានតោន ក្នុងនោះប្រមាណ ៤លាន៨សែនតោន នាំចេញផ្លូវការ និងជាង ២លានតោនផ្សេងទៀត នាំចេញក្រៅផ្លូវការទៅបរទេស នេះបើយោងតាមក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ។
បរិមាណនាំចេញច្រើនជាងគេ គឺកសិផលពាក់ព័ន្ធនិងដំឡូវមី ជាង៣លានតោន គ្រាប់ស្វាយចន្ទី ២០ម៉ឺនតោន ពោតនាំចេញជិត ១២ម៉ឺនតោន សណ្ដែកសៀងជិត៦ម៉ឺនតោន ចេកជិត១៦ម៉ឺនតោន និងស្វាយជិត ៦០តោន ។
បញ្ហានេះ សហព័ន្ធស្រូវអង្ករកម្ពុជា លើកឡើងថា កម្ពុជាខាតបង់ទឹកប្រាក់ ២ពាន់លានដុល្លា ពីការនាំចេញ វត្ថុធាតុដើមមិនទាន់កែច្នៃទាំងនោះ ទៅកាន់ទីផ្សារបរទេស ។ ការលើកទឹកចិត្តបង្កើតសហគ្រាសកែច្នៃសមស្រប កម្ពុជានឹងទទួលបានតម្លៃបន្ថែមដល់កំណើនសេដ្ឋកិច្ច ការទ្រទ្រង់ប្រាក់ចំណូលប្រជាកសិករ និងការកសាង មូលដ្ឋានសេដ្ឋកិច្ចកម្ពុជាកាន់តែ សម្បូរបែបនិងខ្លាំងក្លា៕