ដោយ អាន ស៊ីថាវ
ECOPEDIA (ប្រព័ន្ធព័ត៌មានសេដ្ឋកិច្ចកម្ពុជា)
- ការស្ទត់មតិដោយវេទិការសេដ្ឋកិច្ចពិភពលោក បង្ហាញថា មនុស្សភាគច្រើនរំពឹងថា ជីវភាពរបស់គាត់នឹងវិលទៅរក ភាពប្រក្រតីវិញ នៅ១២ខែក្រោយ
- កូវីដ១៩ បង្ករផលប៉ះពាល់ដល់ អារម្មណ៍របស់មនុស្ស និងសុខភាព
ជាមធ្យម ៥៨% នៃពលរដ្ឋដែលបានស្ទង់មតិ គិតថាស្ថានការណ៍កូវីដ១៩ នឹងធូរស្រាលវិញ នៅរយៈពេល ១ឆ្នាំក្រោយ
ការរំពឹងទុករបស់ប្រជាពលរដ្ឋនៅលើពិភពលោក មានភាពខុសៗគ្នា អំពីភាពធូរស្រាលឡើងវិញ នៃស្ថានការណ៍កូវីដ១៩ ។ ការស្រាវជ្រាវដោយវេទិការសេដ្ឋកិច្ចពិភពលោក រកឃើញថា នៅអារ៉ាប៊ីសាអ៊ូឌីត រស្ស៊ី ឥណ្ឌា និងចិនដីគោក មនុស្សពេញវ័យជាង ៧០% គិតថា ស្ថានការណ៍រស់នៅ នឹងវិលត្រឡប់ទៅរកភាពធម្មតាវិញ នៅរយៈពេល ១ឆ្នាំក្រោយ។
ប៉ុន្តែ ៨០%នៃពលរដ្ឋជប៉ុនយល់ថា ការវិលទៅរកភាពធម្មតា នឹងអាចយូរជាងនេះ។ ដោយឡែក ៥០% នៃពលរដ្ឋនៅប្រទេសបារាំង អ៊ីតាលី កូរ៉ាខាងត្បូង និងអាស្ប៉ាញ គិតថា ស្ថានការណ៍វិលទៅ ភាពប្រក្រតីវិញ នឹងត្រូវការពេល យូរជាងនេះដែរ។
ការយល់ឃើញផ្ទុយគ្នាជាសកល
ភាពធូរស្រាលនៃបញ្ហាកូវីដ១៩ មានការយល់ឃើញខុសគ្នាលក្ខណៈសកល ក្នុងនោះ ប្រជាពលរដ្ឋលើសកលពាក់កណ្ដាលគិតថា នឹងធូរស្រាលនៅ ១២ខែក្រោយ ប៉ុន្តែ២៥% គិតថានឹងធូរស្រាលនៅរយៈពេល៣ឆ្នាំក្រោយ និង៨%ផ្សេងទៀត គិតថា មិនទាន់ដឹង។
ទោះជាយ៉ាងណា ជាមធ្យម ៥៨% នៃពលរដ្ឋដែលបានស្ទង់មតិ គិតថាស្ថានការណ៍កូវីដ១៩ នឹងធូរស្រាលវិញ នៅរយៈពេល ១ឆ្នាំក្រោយ ក្នុងនោះមាន ចិនដីគោក ឥណ្ឌា និង អារ៉ាប់ប៊ីសាអូឌីត។ ប៉ុន្តែជប៉ុន អូស្រ្តាលី និងស៊ុយអែត គិតថាចំណាយពេលយូរជាងនេះ ។
ប៉ះពាល់ដល់សុខភាពផ្លូវចិត្ត
អំពីរឿង ផលប៉ះពាល់លើសុខភាពផ្លូវចិត្តនេះ ការស្ទង់មតិ បានសួរប្រជាជនអំពីផលប៉ះពាល់នៃជំងឺរាតត្បាតទៅលើសុខភាពផ្លូវចិត្តរបស់ពួកគេ។ ជាមធ្យមមនុស្សពេញវ័យ ៤៥ ភាគរយនៅទូទាំងពិភពលោកបាននិយាយថាសុខភាពផ្លូវចិត្តនិងរាងកាយរបស់ពួកគេកាន់តែយ៉ាប់យ៉ឺនចាប់តាំងពីការចាប់ផ្តើមរាតត្បាត នៃកូវីដ១៩។
ទោះយ៉ាងណាចាប់តាំងពីដើមឆ្នាំ ២០២១ ប្រទេសខ្លះ មានភាពធូរស្រាល ស្របពេលប្រទេសខ្លះ ជួបស្ថានការណ៍កាន់តែអាក្រក់ទៅៗ៕