ដោយ អាន ស៊ីថាវ
ECOPEDIA (ប្រព័ន្ធព័ត៌មានសេដ្ឋកិច្ចកម្ពុជា)
បច្ចុប្បន្ន អ្នកដំណើរដែលឆ្លងកាត់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានប្រមាណ ៥០០នាក់ ក្នុងមួយថ្ងៃ ។
នៅក្នុងដើមឆ្នាំ ២០២០ នៅពេលដែលរងកូវិដ១៩ ចំនួនអ្នកធ្វើដំណើរឆ្លងកាត់តាម អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្លាក់ចុះជិត ៨០% បើធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ហើយការដឹកនាំទំនិញ ក៏ធ្លាក់ចុះដែរ។
ការធ្លាក់នេះ ក៏បានបណ្ដាលប៉ះពាល់ដល់មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា ។ មូលដ្ឋានសេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់ធ្ងន់ធ្ងរ ក្នុងនោះមាន វិស័យទេសចរណ៍, ឧស្សាហកម្មនាំចេញ និងផ្នែកសំណង់ ដែលទាំងអស់នេះតំណាងឱ្យជាង ៧០ភាគរយនៃកំណើនសេដ្ឋកិច្ច និងផ្តល់ការងារមានកម្រៃប្រមាណជា ៤០ភាគរយ នៃការងារសរុបរបស់ប្រទេស។
បើនិយាយអំពីពាណិជ្ជកម្មទំនិញរបស់កម្ពុជាវិញ ក៏មានធ្លាក់ចុះដែរនៅក្នុងឆ្នាំ ២០២០ ក្នុងនោះ នាំចេញធ្លាក់ចុះ (-16%) និងនាំចូលវិញ ធ្លាក់ចុះ (-11%) នេះបើយោងតាមការព្យាករណ៍របស់ធនាគារពិភពលោកប្រចាំកម្ពុជា ។
ដោយឡែក បើនិយាយអំពី ផលប៉ះពាល់លើវិស័យទេសចរណ៍នៅលើពិភពលោកវិញ ក៏ថយចុះ ដែលអង្គការទេសចរណ៍អន្តរជាតិ បាន់ស្មានជាតម្លៃ ៨០ពាន់លានដុល្លារអាមេរិក នៅជុំវិញពិភពលោក។ ចំណែកកម្ពុជាវិញ ត្រូវបានក្រួសួងទេសចរណ៍កម្ពុជាថានឹងខាតបង់ទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២០ ពីផលប៉ះពាល់អាក្រក់ដែលកើតឡើងពីការរីករាលដាលនៃជម្ងឺឆ្លង កូវិដ១៩។
បច្ចុប្បន្ន អាជីវកម្មឬសហគ្រាសទាំងឡាយដែលពាក់ព័ន្ទនិងវិស័យទេសចរណ៍ ប្រមាណជិត៣ពាន់សហគ្រាស ត្រូវបិទទ្វា ហើយពលកម្មប្រមាណ ៤ម៉ឺន៥ពាន់នាក់ គ្មានការងារធ្វើ នេះបើយោងតាមក្រសួងទេសចរណ៍កម្ពុជា ។ កន្លងមក វិស័យទេសចរណ៍កម្ពុជាបង្កើតការងារ បានប្រមាណ៦០ម៉ឺននាក់នៅទូទាំងប្រទេស និងបានចូលរួមដល់សេដ្ឋកិច្ចជាតិ ប្រមាណ ជាង១២% ។
ដោយសារមូលហេតុនេះហើយ បានជានៅក្នុងឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងទុកថានឹងមានល្បឿនយឺតបំផុតមិនដែលធ្លាប់ជួបប្រទះតាំងពីឆ្នាំ១៩៩៤មក គឺមានកំណើនក្រោមសូន្យមានន័យថា សកម្មភាពផលិតកម្មគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជាបានផ្អាក ឬមានសកម្មភាពតិចជាងមុន។
បច្ចុប្បន្ន មូលដ្ឋាន និងសកម្មភាពដែលគាំទ្រដល់វិស័យទេសចរណ៍កម្ពុជា មានសកម្មភាពច្រើនជាងមុន ក្នុងនោះ មានការអនុញាតិឲ្យក្រុមហ៊ុនអាកាស ចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនសារជាថ្មី ។
បច្ចុប្បន្ន អ្នកដំណើរដែលឆ្លងកាត់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានប្រមាណ ៥០០នាក់ ក្នុងមួយថ្ងៃ ។ ចំនួននេះ បើធៀបទៅនឹង មុនពេលមានកូវី គឺកម្ពុជា មានដំណើរឆ្លងកាត់ជាង ៤ម៉ឺននាក់ក្នុងមួយថ្ងៃ ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលអ្នកដំណើរបាន ១ម៉ឺន ៧ពាន់ក្នុងមួយថ្ងៃ៕