ស្ថានភាព​ហិរញ្ញវត្ថុ​ក្រុមហ៊ុនកម្ពុជា កំឡុង​ពេល​កូវីដ

April 17, 20212min871

ដោយ​ អាន ស៊ីថាវ

ECOPEDIA (ប្រព័ន្ធព័ត៌មាន​សេដ្ឋកិច្ចកម្ពុជា)

ចំណុច​សំខាន់៖

  • ក្រុមហ៊ុន​ចន្លោះ ពី​២៥% ទៅ​៣៤% រំពឹង​ថា​នឹង​ជំពាក់បំណុល​គេ​ច្រើន នៅ​ក្នុង​រយៈ​ពេល​ ៦​ខែ​​ខាង​មុខ។
  • បច្ចុប្បន្ន​ ចំនួនក្រុមហ៊ុនដែលរាយការណ៍ពីកង្វះលំហូរ សាច់ប្រាក់ រហូតមិនអាចធ្វើប្រតិបត្តិការ​ជាប្រក្រតី បានកើនពី ៦១%នៅខែមិថុនា ដល់ ៧៧%​នៅខែកញ្ញា កាល​ពី​ឆ្នាំ​២០២០ នៅ​កំឡុង​ពេល​កូវីដ​កើត​ឡើង។
  • ក្រុមហ៊ុន​កម្ពុជា ១១% ​បាន​ខ្ចី​ប្រាក់​ពី​គ្រួសារ និង​មិត្តភក្ដិ ដើម្បី​បំពេញ​ កង្វះ​ខាត​លំហូរ​សាច់​ប្រាក់​ ក្នុ​ងគ្រា​អាសន្ន។

“យន្តការក្រុមហ៊ុន ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នេះ ក្រុមហ៊ុន​ត្រូវ​បង្ខំ​ចិត្ត​​កាត់​បន្ថយ​ចំណាយ​ ដោយ​កែ​​ស​ម្រួល​ការងារ។”

ក្រៅពី​​បិទ​ទ្វារ​ ប្រតិបត្តិការ​របស់​ក្រុម​ហ៊ុន​ អាច​រង​ផល​ប៉ះពាល់​ដោយ​​សារ​តែ​កត្តា​ផ្សេង​ទៀត ដូចជា​ពិបាក​រក​បុគ្គលិក វត្ថុធាតុ​ដើម​ថ្លៃ​ជាង​មុន ឬ​វត្ថុ​ធាតុ​ដើម​នោះ មាន​គុណភាព​ទាប​ជាង​មុន ។ គុណភាព​ទាប​នេះ​ កើត​ឡើង​ដោយ​សារ​តែ ការ​ពន្យារ​ពេល​ ដែល​ពាក់ព័ន្ធ​និង​វិបត្តិ​ផ្គត់​ផ្គង់។

នៅពេល​​ដែល​ក្រុមហ៊ុន កង្វះ​លំហូរ​សាច់​ប្រាក់​យ៉ាង​ច្រើន គឺ​ពេល​​នេះ ការ​ពន្យារ​ពេល​លើ​ការ​ទូទាត់​សេវាហិរញ្ញវត្ថុ ការ​ទូទាត់​ទាន់​ពេល​វេលា និង​ការ​ផ្ដល់​ឥណទាន​ដល់​ក្រុមហ៊ុន គឺ​ជា​កត្តា​ចាំ​បាច់​និង​សំខាន់​បំផុត ដែល​អាច​គាំទ្រ​ដល់​ប្រតិបត្តិការ​ក្រុមហ៊ុន​នៅ​ប្រទេស​កម្ពុជា។​

​ផ្អែកតាម​របក​គំហើញ​នៃការ​អង្កេត របស់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​កាល​ពី​ខែ​កញ្ញា​​ ២០២០​រក​ឃើញ​ថា​ ក្រុមហ៊ុនជាច្រើនបានរាយការណ៍ថា ទីមួយ៖​ មិនសូវ​មាន​ការផ្គត់ផ្គង់ សេវា​ហិរញ្ញវត្ថុ​ដែល​ធ្លាប់រកបាន​​ដូច​ពីមុន (43ភាគរយ) ទីពី៖ ពិបាក​រកបាន វត្ថុធាតុដើម (27 ភាគរយ) និង ទីបី៖ មិនសូវ​មាន ការ​ផ្តល់ឥណទានដល់ក្រុមហ៊ុន​ផ្គត់ផ្គង់​ (22 ភាគរយ)

ការថយចុះលំហូរសាច់ប្រាក់ កំពុងប៉ះពាល់យ៉ាង​ខ្លាំង​លើ​ក្រុមហ៊ុន ហើយរំពឹង​ថា​នឹង​ប៉ះពាល់កាន់តែ ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ។ បច្ចុប្បន្ន​ ចំនួនក្រុមហ៊ុនដែលរាយការណ៍ពីកង្វះលំហូរ សាច់ប្រាក់ រហូតមិនអាចធ្វើប្រតិបត្តិការ​ជាប្រក្រតី បានកើនពី 61ភាគរយនៅខែមិថុនា ដល់ 77 ភាគរយនៅខែកញ្ញា កាល​ពី​ឆ្នាំ​២០២០ នៅ​កំឡុង​ពេល​កូវីដ​កើត​ឡើង។ ចំនួនកើនឡើងនេះ ប្រហាក់ប្រហែលគ្នា សម្រាប់ក្រុមហ៊ុនគ្រប់ទំហំ នៅ​ប្រទេស​កម្ពុជា។

ដោយ​ឡែក ចំនួនក្រុមហ៊ុនដែលរំពឹង ថា មានកង្វះលំហូរ សាច់ប្រាក់ក្នុងរយៈពេល ៦ ខែខាងមុខ កើនពី ៥៦​ភាគរយនៅខែ​មិថុនា រហូត ដល់ ៧១​​ភាគរយនៅខែ កញ្ញា​​​នៅ​ឆ្នាំ​២០២០។

ចំពោះ​ហានិភ័យក្រុមហ៊ុន លើ​ការ​ជំពាក់​បំណុល​ច្រើន ដែល​មិន​អាច​សង​គេ​ទាន់​ពេល នៅ​មាន​អត្រា​ខ្ពស់​។ ក្រុមហ៊ុន​ចន្លោះ ពី​២៥% ទៅ​៣៤% រំពឹង​ថា​នឹង​ជំពាក់បំណុល​គេ​ច្រើន នៅ​ក្នុង​រយៈ​ពេល​ ៦​ខែ​​ខាង​មុខ។

បើធៀប​ទៅ​និង​ប្រទេស​នៅ​ក្នុង​តំបន់ ក្រុមហ៊ុន​នៅ​កម្ពុជា​ ហាក់​មាន​​ហានិភ័យ​​នៃ​ការ​មិន​មាន​លទ្ធភាព​សង​បំណុល​​​ដូច​គ្នា​ដែរ។ បើ​គិត​នៅ​ខែ​មិថុនា និង​ខែ​ឧសភា​​ឆ្នាំ ២០២០ ក្រុមហ៊ុន​នៅ​កម្ពុជា​ដែល​ជំពាក់​បំណុល​ច្រើន​ មាន​ ៣៥% ។ ក្រុមហ៊ុន​នៅ​ឥណ្ឌូនេស៊ី រំពឹង​ជំពាក់​បំណុល​ច្រើន មាន​​១៦% ​​​ ​តែ​នៅ​មីយ៉ាន់ម៉ា មាន​អត្រា​ ៣៦% និង​នៅ​វៀតណាម មាន​អត្រា​រហូត​ដល់ ៤៨% ។

នៅ​ពេល​ដែល​ក្រុមហ៊ុន​កម្ពុជា កំពុង​ជួប​ប្រទះ​លំហូរ​សាច់​ប្រាក់​កំឡុ​ង​ពេល​មាន​វិបត្តិ​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្លូវ​ការ​ បាន​ដើរ​តួនាទី​តិច​តួច លើ​ការ​សម្រួល​ដល់​ កង្វះ​លំហូរ​សាច់​ប្រាក់​​របស់​ក្រុមហ៊ុន​នានា​នៅ​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​នៅកម្ពុជា​ថា នៅ​ស្ថានភាព​ចំពោះ​មុខ​នេះ ក្រុមហ៊ុន​បាន​ខ្ចី​ប្រាក់​ពី​គ្រួសារ និង​មិត្តភក្ដិ ដើម្បី​បំពេញ​ កង្វះ​ខាត​លំហូរ​សាច់​ប្រាក់​ ក្នុ​ងគ្រា​អាសន្ន។

យន្តការក្រុមហ៊ុន ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នេះ ក្រុមហ៊ុន​ត្រូវ​បង្ខំ​ចិត្ត​​កាត់​បន្ថយ​ចំណាយ​ ដោយ​កែ​ស​ម្រួល​ការងារ៕

សំគាល់៖ ការ​ស្រាវជ្រាវ​ដោយ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា ២០២០


អំពីយើង

អ៊ីកូភីឌៀ (ECOPEDIA) ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​តែ​មួយ​គត់​ ដែល​​ ​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ៊ីកូភីឌៀ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​និង​វិស័យ​ឯកជន ​ប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។


ទំនាក់ទំនងយើង

087 21 29 26


Contact to Listing Owner

Captcha Code