ប្រទេសហ្វីលីពីនគឺជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានមួយចំនួន ដែលមានអត្រាឆ្លងមេរោគ កូវីដ១៩ ខ្ពស់បំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ហ្វីលីពីនជាប្រទេសទីមួយ ដែលទទួលបានកម្ចីពីធនាគារអភិវឌ្ឍអាស៊ី ដើម្បីយកទៅទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ។ ទឹកប្រាក់កម្ចីនោះ មានតម្លៃ៤០០ លានដុល្លារអាមេរិក សម្រាប់ការទិញវ៉ាក់សាំងប្រឆាំងនិងកូវីដ១៩ នៅក្នុងប្រទេស ។
ការគាំទ្ររបស់ធនាគារអភិវឌ្ឍអាស៊ីនេះ ជាដំណោះស្រាយបន្ទាន់មួយសម្រាប់រដ្ឋាភិបាលហ្វីលីពីន ដើម្បីធានា និងចាក់វ៉ាក់សាំង សម្រាប់ពលរដ្ឋហ្វីលីពីនទាំងអស់ ជាពិសេសសម្រាប់អ្នកងាយរងគ្រោះដូចជា អ្នកធ្វើការងារជួរមុខ មនុស្សចាស់ជរា ពលរដ្ឋក្រីក្រ និងក្រុមអ្នកបាត់បង់ឱកាសសេដ្ឋកិច្ច។
ប្រធានធនាគារ ADB លោក Masatsugu Asakawa មានប្រសាសន៍ថា វ៉ាក់សាំង COVID-១៩ មានសារៈសំខាន់ក្នុងការពន្លឿនការស្តារសេដ្ឋកិច្ចហ្វីលីពីន ការកសាងជីវភាពឡើងវិញ និងការងារដែលមានគុណភាពឡើងវិញ។ ជាមួយនឹងហិរញ្ញប្បទាននេះ ធនាគារអភិវឌ្ឍន៍អាស៊ីព្យាយាមជួយប្រទេសនេះអាច ជួយសង្គ្រោះជីវិតមនុស្ស និងអនុញ្ញាតឱ្យប្រជាជនហ្វីលីពីនវិលត្រឡប់ទៅរកជីវិតធម្មតាវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ប្រទេសហ្វីលីពីនគឺជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិកអាស៊ានចំនួន ដែលមានការឆ្លងមេរោគ កូវីដ១៩ ខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានករណីឆ្លងជាង ៦០០.០០០ ករណីគិតត្រឹមថ្ងៃទី ១១ ខែមីនា២០២១៕