ដោយ អាន ស៊ីថាវ
ECOPEDIA (ប្រព័ន្ធព័ត៌មានសេដ្ឋកិច្ចកម្ពុជា)
ចំណុចសំខាន់៖
- ក្រុមហ៊ុនចន្លោះ ពី២៥% ទៅ៣៤% រំពឹងថានឹងជំពាក់បំណុលគេច្រើន នៅក្នុងរយៈពេល ៦ខែខាងមុខ។
- បច្ចុប្បន្ន ចំនួនក្រុមហ៊ុនដែលរាយការណ៍ពីកង្វះលំហូរ សាច់ប្រាក់ រហូតមិនអាចធ្វើប្រតិបត្តិការជាប្រក្រតី បានកើនពី ៦១%នៅខែមិថុនា ដល់ ៧៧%នៅខែកញ្ញា កាលពីឆ្នាំ២០២០ នៅកំឡុងពេលកូវីដកើតឡើង។
- ក្រុមហ៊ុនកម្ពុជា ១១% បានខ្ចីប្រាក់ពីគ្រួសារ និងមិត្តភក្ដិ ដើម្បីបំពេញ កង្វះខាតលំហូរសាច់ប្រាក់ ក្នុងគ្រាអាសន្ន។
“យន្តការក្រុមហ៊ុន ក្នុងការដោះស្រាយវិបត្តិនេះ ក្រុមហ៊ុនត្រូវបង្ខំចិត្តកាត់បន្ថយចំណាយ ដោយកែសម្រួលការងារ។”
ក្រៅពីបិទទ្វារ ប្រតិបត្តិការរបស់ក្រុមហ៊ុន អាចរងផលប៉ះពាល់ដោយសារតែកត្តាផ្សេងទៀត ដូចជាពិបាករកបុគ្គលិក វត្ថុធាតុដើមថ្លៃជាងមុន ឬវត្ថុធាតុដើមនោះ មានគុណភាពទាបជាងមុន ។ គុណភាពទាបនេះ កើតឡើងដោយសារតែ ការពន្យារពេល ដែលពាក់ព័ន្ធនិងវិបត្តិផ្គត់ផ្គង់។
នៅពេលដែលក្រុមហ៊ុន កង្វះលំហូរសាច់ប្រាក់យ៉ាងច្រើន គឺពេលនេះ ការពន្យារពេលលើការទូទាត់សេវាហិរញ្ញវត្ថុ ការទូទាត់ទាន់ពេលវេលា និងការផ្ដល់ឥណទានដល់ក្រុមហ៊ុន គឺជាកត្តាចាំបាច់និងសំខាន់បំផុត ដែលអាចគាំទ្រដល់ប្រតិបត្តិការក្រុមហ៊ុននៅប្រទេសកម្ពុជា។
ផ្អែកតាមរបកគំហើញនៃការអង្កេត របស់ធនាគារពិភពលោកប្រចាំកម្ពុជាកាលពីខែកញ្ញា ២០២០រកឃើញថា ក្រុមហ៊ុនជាច្រើនបានរាយការណ៍ថា ទីមួយ៖ មិនសូវមានការផ្គត់ផ្គង់ សេវាហិរញ្ញវត្ថុដែលធ្លាប់រកបានដូចពីមុន (43ភាគរយ) ទីពី៖ ពិបាករកបាន វត្ថុធាតុដើម (27 ភាគរយ) និង ទីបី៖ មិនសូវមាន ការផ្តល់ឥណទានដល់ក្រុមហ៊ុនផ្គត់ផ្គង់ (22 ភាគរយ)។
ការថយចុះលំហូរសាច់ប្រាក់ កំពុងប៉ះពាល់យ៉ាងខ្លាំងលើក្រុមហ៊ុន ហើយរំពឹងថានឹងប៉ះពាល់កាន់តែ ខ្លាំងក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ បច្ចុប្បន្ន ចំនួនក្រុមហ៊ុនដែលរាយការណ៍ពីកង្វះលំហូរ សាច់ប្រាក់ រហូតមិនអាចធ្វើប្រតិបត្តិការជាប្រក្រតី បានកើនពី 61ភាគរយនៅខែមិថុនា ដល់ 77 ភាគរយនៅខែកញ្ញា កាលពីឆ្នាំ២០២០ នៅកំឡុងពេលកូវីដកើតឡើង។ ចំនួនកើនឡើងនេះ ប្រហាក់ប្រហែលគ្នា សម្រាប់ក្រុមហ៊ុនគ្រប់ទំហំ នៅប្រទេសកម្ពុជា។
ដោយឡែក ចំនួនក្រុមហ៊ុនដែលរំពឹង ថា មានកង្វះលំហូរ សាច់ប្រាក់ក្នុងរយៈពេល ៦ ខែខាងមុខ កើនពី ៥៦ភាគរយនៅខែមិថុនា រហូត ដល់ ៧១ភាគរយនៅខែ កញ្ញានៅឆ្នាំ២០២០។
ចំពោះហានិភ័យក្រុមហ៊ុន លើការជំពាក់បំណុលច្រើន ដែលមិនអាចសងគេទាន់ពេល នៅមានអត្រាខ្ពស់។ ក្រុមហ៊ុនចន្លោះ ពី២៥% ទៅ៣៤% រំពឹងថានឹងជំពាក់បំណុលគេច្រើន នៅក្នុងរយៈពេល ៦ខែខាងមុខ។
បើធៀបទៅនិងប្រទេសនៅក្នុងតំបន់ ក្រុមហ៊ុននៅកម្ពុជា ហាក់មានហានិភ័យនៃការមិនមានលទ្ធភាពសងបំណុលដូចគ្នាដែរ។ បើគិតនៅខែមិថុនា និងខែឧសភាឆ្នាំ ២០២០ ក្រុមហ៊ុននៅកម្ពុជាដែលជំពាក់បំណុលច្រើន មាន ៣៥% ។ ក្រុមហ៊ុននៅឥណ្ឌូនេស៊ី រំពឹងជំពាក់បំណុលច្រើន មាន១៦% តែនៅមីយ៉ាន់ម៉ា មានអត្រា ៣៦% និងនៅវៀតណាម មានអត្រារហូតដល់ ៤៨% ។
នៅពេលដែលក្រុមហ៊ុនកម្ពុជា កំពុងជួបប្រទះលំហូរសាច់ប្រាក់កំឡុងពេលមានវិបត្តិ គ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ បានដើរតួនាទីតិចតួច លើការសម្រួលដល់ កង្វះលំហូរសាច់ប្រាក់របស់ក្រុមហ៊ុននានានៅប្រទេសកម្ពុជា។ ក្រុមហ៊ុននៅកម្ពុជាថា នៅស្ថានភាពចំពោះមុខនេះ ក្រុមហ៊ុនបានខ្ចីប្រាក់ពីគ្រួសារ និងមិត្តភក្ដិ ដើម្បីបំពេញ កង្វះខាតលំហូរសាច់ប្រាក់ ក្នុងគ្រាអាសន្ន។
យន្តការក្រុមហ៊ុន ក្នុងការដោះស្រាយវិបត្តិនេះ ក្រុមហ៊ុនត្រូវបង្ខំចិត្តកាត់បន្ថយចំណាយ ដោយកែសម្រួលការងារ៕
សំគាល់៖ ការស្រាវជ្រាវដោយធនាគារពិភពលោកប្រចាំកម្ពុជា ២០២០