បទ​វិភាគ​៖​ ​ អាជីវកម្ម​  និង​ ការ​ជួន​សរគុណ

June 18, 2022

​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើក​ទឹក​ចិត្ត​ ដល់​វិស័យ​ឯកជន ក្នុ​ងការ​បណ្ដាក់​ទុន ​ដើម្បី​បង្កើត​អាជីវកម្ម​ថ្មី​ ដើម្បី​ចូល​រួម ដល់​ការ​​បង្កើត​ការងារ​ និង​លើ​ស្ទួយ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ។ ជាក់​ស្ដែង ក្រុមហ៊ុន​ថ្មី​​ជា​ច្រើន​ បាន​ចុះ​បញ្ជី​​​ធ្វើ​អាជីវកម្ម​ តាម​រយៈ​​​ រាជរដ្ឋាភិបាល​ កាត់​បន្ថយ​​ឧបសគ្គ​ មួយ​ចំនួន​ដល់​វិស័យ​ឯកជន ។ ​នៅ​ក្នុង​នាទី បទ​វិភាគ​សេដ្ឋកិច្ច​របស់​លោក អាន​ ស៊ី​ថាវ​ នៅ​ថ្ងៃ​នេះ នឹង​លើក​យក​ថា​តើ​ ការ​ជួយ​គាំទ្រ​​​ របស់​រាជរដ្ឋាភិបាល​នៅ​ពេល​នេះ គ្រប់គ្រាន់​ហើយ​ឬ​នៅ ដើម្បី​ធានា​ភាព​រស់​រាន នៃ​អាជីវកម្ម​។

១. តើ​​​​ការ​ចាប់​ផ្ដើម​ អាជីវកម្ម​ដំបូង​ មាន​​ទុក​លំបាក​កម្រិតណា​ដែរ នៅ​ប្រទេស​កម្ពុជា​?

យើង​មើល​រឿង​បី​​ផ្សេង​គ្នា ​ទី​មួយ ខាងក្រុង​អ្នក​រក​ស៊ី ទីពី ខាង​វិស័យ​ហិរញ្ញវត្ថុ និង​ទី​បី ខាង​រាជរដ្ឋាភិបាល ហើយ​រឿង​នេះ ខ្ញុំ​បាន​សួរ ភាគី​បី​នេះ យ៉ាង​លម្អិត​ដែរ​។ ឥឡូវ​ យើង​មើល​នៅ​ខាង​ក្រុម​​​អ្នក​រក​ស៊ី​ គឺ​ តាម​ពិត​ទៅ ភាព​ស្មុគ​ស្មាញនៃ​ការ​ចាបផ្ដើម​អាជីវកម្ម​ ដំបូង​​គឺ​ទុន​វិនិយោគ ​​​ប៉ុន្តែ ​អ្នក​​ដែល​បាន​បង្កើត​អាជីវកម្ម​បាន​បង្ហាញ​បទ​ពិសោធន៍ របស់​ខ្លួន​​​ថា ការ​បង្កើត​អាជីវកម្ម​ដំបូង​ គឺ​ត្រូវ​​ការ​មាន​ផែន​ការ​អាជីវកម្ម និង​ជំនាញ ដែល​​ជា​ប្រភព​ទុន​​សំខាន់​  មាន​ន័យ​ថា ការ​​ប្រើ​ ជំនាញ​ផ្ទាល់​ខ្លួន ការ​កសាង​បណ្ដាញ គឺ​ជា​​ចំណុច​សំខាន់ នៃ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​​​មួយ​ប្រកប​ដោយ​ភាព​ជោគ​ជ័យ​ ​ហើយ​ មិន​មែន​មាន​ន័យ​ថា​ ការ​ខ្វះ​ធនធាន​ហិរញ្ញវត្ថុ​ ​ពុំ​​​អាច​បង្កើត​អាជីវកម្ម​បាន​នោះ​ទេ​ ។ ប៉ុន្តែ ខាង​​​ក្រុមអ្នក​រក​ស៊ី ក៏​បាន​ចោទទៅខាង​ស្ថាប័ន​ហិរញ្ញវត្ថុ​ថា​ ​ការ​ផ្ដល់​ប្រាក់​កម្ចី​គាំទ្រ​ដល់​អាជីវកម្ម​របស់​គេ​នៅ​មាន​កម្រិត​ ហើយ​តម្រូវ​ការ​ដាក់​វត្ថុ​បញ្ជាំ​ជា​ដើម​។

ឥឡូវ​រឿង​នេះ ខាង​វិស័យ​ហិរញ្ញវត្ថុ​វិញ អះអាង​ថា​ ភាគ​ច្រើន​បាន លើក​ឡើង​ថា​ ទំហំ​ប្រាក់​កម្ជី​ក្រោម​ ៥​ពាន់​ដុល្លារ​​ មិន​ទាម​ទា​វត្ថុ​បញ្ចាំ​ឡើយ ប៉ុន្តែ​គេ​ ទាម​ទា​ ផែន​ការ​អាជីវកម្ម​ច្បាស់​លាស់​។ អញ្ចឹង​រឿង​នេះ ហាក់​ស៊ី​គ្នា​ទៅ​នឹង​ ខាង​ក្រុម​អ្នក​រកស៊ី ត្រូវ​ធ្វើ​ ផែនការ​អាជីវកម្ម ដើម្បី​ស្នើរ​សុំ​ កម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​ប៉ុន្តែ​ភាគ​ច្រើន​នៃ​អ្នក​ស្នើ​សុំ​កម្ចី តែង​តែ​ មាន​ទ្រព្យ​បញ្ជា​ ជា​ថ្នូ​នៃ​ការ​ទទួលបាន​កម្ចី ។ ដោយឡែក ខាង​រាជរដ្ឋាភិបាល​វិញ គឺ​ខ្វះ​ការ​ធានា ​​លើ​គម្រោង​ហានិភ័យ​ ចំពោះ​កម្ចី​​ដែល​ធ្វើ​ឡើងរវាង​ ក្រុម​​អ្នក​រក​ស៊ី និង​ខាង​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ ។ ទោះ​បី​ជា​ ​រាជរដ្ឋាភិបាល​ បាន​​ធ្វើ​ទំនើប​ភាវូបនីយកម្ម​ ​លើ​ការ​ចុះ​បញ្ជី​​​ពាណិជ្ចកម្ម​ តាម​​Online ដែល​មាន​ចំនួន​ ក្រុមហ៊ុន​ជា​ច្រើន បាន​សាទរ ចំពោះ​វិធានការ​នេះ ​ប៉ុន្តែ បញ្ហា​អគ្គីសនី បញ្ហា​ពន្ធ​ ជា​ពិសេស​ ការ​​សូក​ប៉ាន់​នានា នៅ​តែ​​ជាបញ្ហា​ផ្ទាល់ ដែល​ជះ​ឥទ្ធិពល​អាក្រក់ នៅ​ក្នុង​ដំណើរ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា នេះបើ​យើង​តាម​ ការ​សិក្សា របស់​ធនាគារ​ពិភពលោក​។ ក្នុង​របាយការណ៍​នោះ បាន​បញ្ចាក់​ថា​ ចាប់​តាំង​ពី ក្រុម​ហ៊ុន​តូច​ រហូត​ដល់​ធំ ​គឺ​ម្ចាស់​ក្រុមហ៊ុន​ ឬ​​ម្ជាស់​អាជីវកម្ម​ បាន​ដឹង​​រួច​ជា​ស្រេច​ ​ថា​ខ្លួន​ត្រូវ​មាន កញ្ជប់​ថវិការ ដើម្បី​ជូន​ជា​សរគុណ ទៅ មន្រ្តី​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ក្រុមហ៊ុន ទទួល​បាន​​ ការ​ចុះ​បញ្ជី​​  រហូត​ដល់​ ទទួល​​អាជ្ញាប័ណ្ណ នាំ​ចេញ​ជា​ដើម​។

២. អញ្ចឹង​មាន​ន័យ​ថា ឈ្មួញ​ឬ​ក៏​អ្នក​ស៊ី​នៅកម្ពុជា គឺ​ត្រូវ​មាន​ទំនាក់ទំនង​ជិតស្និទ្ធិ​ជា​មួយ​មន្រ្តី​រាជរដ្ឋាភិបាល?

បាទ! រឿង​នេះ បើ​ទំនាក់ទំនង​ល្អ ដើម្បី​ប្រសិទ្ធិភាព​ការងារ​ គឺ​ជា​រឿង​ល្អ ប៉ុន្តែ បើ​ទំនាក់ទំនង​ជិត​ស្និទ្ធិ​​នោះ ​ក្រុមអាជីវករ ព្យាយាម​រក្សា​ស្ថិរភាព​អាជីវកម្ម​របស់​ខ្លួន​តាម​រយៈ​ការ​សូក​ប៉ាន់​ដល់​មន្ត្រី គឺ​ជា​រឿង​ មិន​ត្រឹម​ត្រូវ​ ។ ប៉ុន្តែ ​ខ្ញុំ​សូម​បញ្ជាក់​ ថា​ នៅ​​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ គឺ​តែង​តែ​មាន​ ភាព​ស្និទ្ធិស្នាល រវាង​​អ្នក​រក​ស៊ី និង​ មន្រ្តី​រាជរដ្ឋាភិបាល ​។

អញ្ចឹង​ គេ​សង្កេត​ឃើញ​ថា ឈ្មួញ ​តែង​មាន​ទំនាក់​ទំនង​ល្អ​រវាង​មន្ត្រី​មួយ​ចំនួននៅ​ក្នុង​​ប្រទេស​ក្រីក្រ​ដែល ​ដោយ​សារ​តែ ប្រទេស​នោះ មាន​ប្រព័ន្ធ​គ្រប់គ្រង​អភិបាលកិច្ច និង​ច្បាប់​ទម្លាប់ នៅ​​មាន​កម្រិតទាប ​។

យើង​មើល​ លើ​​ការ​ស្រាវជ្រាវ​​មួយ​ចំនួន​ គេ​បាន​រក​ឃើញ​ថា​ អាជីវករ​បាន​សូក​ប៉ាន់​ ដើម្បី​ទទួល​បាន​កិច្ច​សន្យា​អាជីវកម្ម ការ​​លើក​លែង​​ពន្ធ​ និង​​ការ​ផ្ដល់​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន​ ដើម្បី​រក្សា​ទំនាក់​ទំនង​ល្អ​ ដល់​ការ​រក​ស៊ី​​របស់​គេ​។ រឿង​នេះ​ អង្គការ​អន្តរជាតិ​ខាង​ការងារ​  គេ​បាន​សម្ភាស ប្រធាន​ក្រុមហ៊ុន​ដែល​កំពុង​រក​ស៊ី នៅកម្ពុជា​​ប្រមាណ ៣​រយ​ក្រុមហ៊ុន បាន​អះអាង​ថា នៅ​ពេល​ដែល​ពួកគេ ឬ​ក្រុមហ៊ុន​ចង់​ធ្វើ​​អ្វីមួយ គឺ​ត្រូវ​មាន​ការ​​ ជួយ​ជា​សរគុណ ដល់​មន្រ្តី​ ដើម្បី​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​​នានា​​ ដែលការ​ជួន​ជា​សរគុណ​នោះ ​ចាត់​ទុក​ថា​ ជា​អំពើ​ពុក​រលួយ​ក្នុង​អាជីវកម្ម​។

បន្ថែម​លើ​នេះ ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ បាន​កត់​សម្គាល់​ឃើញ​ថា​ អំពើ​ពុក​រលួយ​​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់​ការ​ធ្វើ​អាជីវកម្ម​កម្ពុជា​ ដែល​តាម​ការ​​ប៉ាន់ស្មាន  ​​ ការ​ខាតបង់​ដោយ​សារ​អំពើ​ពុក​រលួយ​ប្រមាណ​​ជិត​២​រយ​លាន​ដុល្លារ​អាមេរិក​ ដែល​បាន​​មក​ពី​​ការ​សូក​ប៉ាន់ និង​ការ​បង់​កម្រៃ​ក្រៅ​ផ្លូវការ​នានា​​ ​​ ដែល​អាជីវករ​បាន​ ចំណាយ​​ទៅឲ្យ​ ​មន្ត្រី​ពាក់ព័ន្ធ​ទាំង​អស់​ ។

ខ្ញុំ​ចង់​បញ្ជាក់​រឿង​មួយ​ទៀតថា​ បើ​​ក្រុម​អាជីវករ​មិន​ផ្ដល់​កំរៃ​ខ្លះដល់​មន្រ្តី​​ទាំង​នោះ គឺ​អាជីវកម្ម​របស់​គេ​តែង​ ទទួល​​រង​ការ​ធ្វើ​ទុក្ខបុក​ម្នេញ ពី​សំណាក់​អ្នក​មាន​អំណាច​។ ហើយ​រឿង​នវ ក៏​មាន​​អំណះអំណាង ពី​​​ការ​សិក្សារ​​ពី​​ស្ថាប័ន​ស្រាវជ្រាវ​របស់​​អង់គ្លេស ឈ្មោះ​ថា​ (EIU)​​រក​ឃើញ​ថា​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ តែង​តែ​ទទួល​ការ​គំរាម​កំហែង និង​ការ​បង្ករ​ឧក្រិដ្ឋកម្ម​ផ្សេងជា​ពិសេស​អាជីវកម្ម​ខ្នាត​តូច ។

៣. តើ​មាន​យន្តការ​អ្វី​​ខ្លះ​ ដើម្បី​កាត់​បន្ថយ​ ឧបសគ្គ​ទាំង​អស់​​​ ក្នុងការ​លើ​កម្ពស់​អាជីវកម្ម​​នៅ​កម្ពុជា?

យន្តការ​ គឺ​កម្ពុជា មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​កំពុង​ធ្វើ​កិច្ច​ការ​នេះ ប៉ុន្តែ ទំនង​ជា​ត្រូវ​ការ​ពេល​វេលា​​ច្រើន​ ព្រោះ​វា​អាស្រ័យ​លើ​ភាគី​​​ជា​ច្រើន​​។ ប៉ុន្តែ យើង​ងាក​មក​​​មើល​​​​​បច្ចុប្បន្ន​ភាព​ នៃ​​ការ​ឆ្លើយ​របស់​សហគ្រាស​ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​វិញ ថា​តើ​​​ពួក​គាត់​មាន​ឆន្ទះ​កម្រិតណា ក្នុង​ការ​កាត់​បន្ថយ​ការ​សូក​ប៉ាន់ ដើម្បី​ធានា​ស្ថិរភាព​អាជីវកម្មរ​បស់​គេ​។ ការ​សិក្សា​ខាង​អង្គការ​អន្តរជាតិ​ខាង​ការងារ​ គឺ​ បង្ហាញ​ថា​ ​សហគ្រាស​ជាង​៣០%​​មិន​ខ្វល់​អំពី​ ការ​ចាត់​វិធានការ​ប្រឆាំង​នឹង​​អំពើ​ពុករលួយ ប្រមាណ​២០%​មាន​វិធានការ​​ប្រឆាំង​លើ​ការ​ចំណាយ​លើ​អំពើ​ពុក​រលួយ​  និង​​១៦% បាន​ហ្វឹកហាត់​បុគ្គលិក​​របស់​ខ្លួន​​ម្បី​ជៀសវាង​ការ​ចំណាយ​​លើ​អំពើ​ពុក​រលួយ ។  ​ហើយ​ក្នុង​ចំណោម​សហគ្រាស់​ទាំង​អស់ មាន​​​ប្រមាណ​៥% មាន​វិធាន​ការ​ជាក់​លាក់​ ក្នុង​ការ​​មិន​បង់​កម្រៃ ឬ​ការ​ការ​សូក​ប៉ាន់​​ផ្សេង​​​ឡើយ​ ។

ដោយ​ឡែក​រឿង​​មួយ​ទៀត​ ​បាន​​​បង្ហាញ​ថា​ អាជីវកម្ម​៧៥%​ ​ដែល​​អង្កេត​ បាន​ឆ្លើយ​ថា​ ​​មន្ត្រី​​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​​នឹង​កិច្ចការ​ពុក​រលួយ​​ ​មិន​​បាន​ធ្វើ​អ្វី​ទាល់​តែ​សោះ​ ចំពោះ​ការ​លើក​ឡើង​​របស់​វិស័យ​ឯកជន​។

ប៉ុន្តែ​បើ​យើង​និយាយ​ឲ្យ​ងាយ​យល់​ទៅ ការ​ចំណាយ​លើ​ការ​សូក​ប៉ាន់ និង​ការ​ចំណាយ​ក្រៅ​ផ្លូវ គឺ​​តែង​កើត​ឡើង​ លើ​​អ្នក​រក​ស៊ី​​លើ​របប​ម៉ៅការ ឬ​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​ ។ អញ្ចឹង​បាន​ជា​ រាជរដ្ឋាភិបាល លុប​បំបាត់​របប​ម៉ៅការ និង​លើក​កម្ពស់​​ ឲ្យ​សហគ្រាស់​ផលិតកម្ម​​ ទៅ​ចុះ​បញ្ជី​ជា​ផ្លូវ​ដើម្បី ងាយ​ស្រួល ក្នុងការ​គ្រប់គ្រង ដើម្បី​ទប់​ស្កាត់​អំពើ​ពុក​រលួយ​ក្នុង​អាជីវកម្ម និង​ការពារ​ ។

ប៉ុន្តែ​ រហូត​ដល់​ពេល​នេះ សហគ្រាស​ដែល​​ទៅ​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​មាន​ប្រមាណតែ ១០%​ប៉ុណ្ណោះ ក្នុង​​ចំណោម​សហគ្រាស​សរុប​ជាង ៥០​ ម៉ឺន​ នៅ​កម្ពុជា​៕


អំពីអេកូផេឌារ

ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​ឈានមុខគេតែ​មួយ​គត់​ ដែល​​​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។ អេកូផេឌារ៍ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​ និង​វិស័យ​ឯកជនប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។



យុទ្ធនាការគាំទ្រជំនួញ

  • ក្រុមអ្នកជំនួញ
  • យុទ្ធនាការរកអតិថិជន


ការកែតម្រូវ

  • អត្ថបទកែតម្រូវ
  • មតិយោបល់

បណ្តាញសង្គម