គន្លឹះទាំង ៦ ក្នុងការចាប់ផ្តើមជំនួញក្នុងវិស័យអនឡាញ (Online)

September 19, 2022
ឆ្លើយតបនិងបម្រែបម្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ការចាប់ផ្តើមមុខជំនួញក្នុងវិស័យអនឡាញ ជាឱកាសបង្កើតចំណូលយ៉ាងមានប្រសិទ្ធភាព។ អ្នកអាចជា អ្នកលក់ ដែលមានសក្តានុពល ប្រសិនបើអ្នកដឹងពីវិធីសាស្ត្របោះជំហាននៅក្នុងវិស័យមួយនេះ, តើត្រូវធ្វើយ៉ាងណាដើម្បីចាប់ផ្តើមមុខជំនួញអនឡាញមួយនេះ?

១. សម្លឹងមើលតម្រូវការទីផ្សារ មុនស្វែងរកផលិតផលសម្រាប់លក់

២. ​បង្កើតចំណុចផ្តោត និងស្គាល់ពីអតិថិជនគោលដៅ

៣. បង្កើត​គេហទំព័រដែលមានភាពទាក់ទាញ

៤. បង្កើតការផ្សព្វផ្សាយដែលរហ័ស និងមានប្រសិទ្ធភាព

៥. បង្កើតអតិថិជនតាមរយៈការចែកចាយផលិតផលចំគោលដៅ

៦. បិទការលក់ដោយជោគជ័យ និងបង្កើនចំនួននៃការលក់

ឆ្លើយតបនិងបម្រែបម្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ការចាប់ផ្តើមមុខជំនួញក្នុងវិស័យអនឡាញ ជាឱកាសបង្កើតចំណូលយ៉ាងមានប្រសិទ្ធភាព។

  • ឆ្នាំ ២០២០ ការលក់រាយបានកើនហូតដល់ ជាង ៤២ ម៉ឺនលានដុល្លា
  • ឆ្នាំ ២០២១ បានបន្តកើនឡើង ជាង ៤៩ ម៉ឺនលានដុល្លា
  • ឆ្នាំ ២០២២ បានកើនឡើងរហូតដល់ទៅ ជាង ៥៥ ម៉ឺនលានដុល្លា និងត្រូវបានព្យាករណ៍ថានឹងបន្តកើនឡើងរហូតដល់ជាង ៧០ ម៉ឺនលានដុល្លា ក្នុងឆ្នាំ ២០២៥

តាមរបាយការណ៍ស្ថិតិដែលចេញផ្សាយដោយវេបសាយបរទេសមួយបានបង្ហាញថា ក្នុងឆ្នាំ ២០២០ មនុស្សប្រមាណជា ២ ពាន់លាននាក់លើពិភពលោក បានប្រតិបត្តិការទិញទំនិញ និងប្រើប្រាស់សេវាកម្មផ្សេងៗ តាមរយៈប្រព័ន្ធអនឡាញ។ ប្រតិបត្តិនេះបានបន្តកើនឡើង ដែលធ្វើឲ្យចំនួននៃការលក់នៅក្នុងវិស័យអនឡាញ ហក់ឡើងក្នុងកម្រិតគួរឲ្យកត់សម្គាល់។

ខាងក្រោមនេះជាជំហានទាំង ៦ នៅក្នុងការចាប់ផ្តើម ជំនួញ​អនឡាញ (Online)៖

ជំហានទី១៖ សម្លឹងមើលតម្រូវការទីផ្សារ មុនស្វែងរកផលិតផលសម្រាប់លក់

វិនិយោគិនមិនតិចនាក់ទេ បង្កើតកំហុសឆ្គងជាមួយការចាប់ផ្តើមមុខជំនួញតាមរយៈការស្វែងរកផលិតផលជាមុន ដោយមិនបានគិតពីតម្រូវការទីផ្សារជាអាទិភាព។ ការដឹងពី តម្រូវការទីផ្សារ អាចឲ្យអ្នកបានដឹងថា តើអ្វីជាតម្រូវការពិតប្រាកដ និងអ្វីជាដំណោះស្រាយដ៏មានប្រសិទ្ធភាព?

ក្នុងន័យនេះ អ្វីដែលអ្នកមិនគួរមើលរំលងគឺ៖

  • ស្វែងយល់ពីសំនួរ និងដំណោះស្រាយផ្សេងៗរបស់អ្នកជំនាញក្នុងវិស័យជំនួញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា
  • ស្រាវជ្រាវ ពាក្យគន្លឹះ ផ្សេងៗដែលមានអ្នកចង់ដឹងច្រើន ប៉ុន្តែការឆ្លើយតបតិច នៅក្នុង Google search
  • ស្វែងរក និងបង្កើតផលិតផលដែលឆ្លើយតបតម្រូវការទីផ្សារ និងធ្វើឲ្យបានលទ្ធផលខ្ពស់ ដោយស្វែងយល់ពីសក្តានុពលរបស់ដៃគូរប្រកួតប្រជែង និងមើលថា តើពួកគេបានធ្វើអ្វីខ្លះដើម្បីបំពេញតម្រូវការទីផ្សារ ជាមួយផលិតផល ឬសេវាកម្មរបស់ពួកគេ

ជំហានទី២៖ ​បង្កើតចំណុចផ្តោត និងស្គាល់ពីអតិថិជនគោលដៅ

«តើនេះជាតម្រូវការរបស់ខ្ញុំដែរឬទេ?» គិតថាខ្លួនអ្នកជាអតិថិជន ហើយចាប់ផ្តើមផ្តោតលើការផ្តល់ដំណោះស្រាយ ដែលមានភាពច្នៃប្រឌិត តាមរយៈផលិតផល ឬសេវាកម្ម។

គន្លឹះធ្វើធ្វើឲ្យអតិថិជនស្គាល់ពីផលិតផលរបស់អ្នក៖

  • រំលេចភាពទាក់ទាញរបស់ផលិតផល
  • ពិព័ណ៌នាច្បាស់ៗពីបញ្ហា បង្ហាញពីជំនាញក្នុងការដោះស្រាយបញ្ហា តាមរយៈផលិតផលឬសេវាកម្ម
  • បង្ហាញការសាកល្បងជាក់ស្តែង ជាមួយការលម្អិតពីផលិតផល និងគុណភាពរបស់ផលិតផល
  • ដាក់លក់ផលិតផលនៅលើទីផ្សារ

ជំហានទី៣៖ បង្កើត​គេហទំព័រដែលមានភាពទាក់ទាញ

ការបង្កើត វេបសាយ ជាជំហានបន្ទាប់ដើម្បីដំណើរការការលក់ផលិតផល ឬសេវាកម្ម របស់អ្នក។ ភាពសាមញ្ញ និងទាក់ទាញ ជាអ្វីដែលអ្នកត្រូវដាក់បញ្ចូលដើម្បីទាក់ចិត្តអតិថិជនឲ្យពួកគេចាប់អារម្មណ៍ មិនត្រឹមតែចូលមើល តែក៏ទិញ ហើយក៏ក្លាយជាអតិថិជនប្រចាំរបស់អ្នក។

  • បង្កើតចំណុចលេចធ្លោ លើឈ្មោះរបស់ហាង (ងាយហៅ ងាយចាំ)
  • ការរចនាអក្សរ និងពណ៌ (មិនត្រូវស្រាលឬដិតខ្លាំងពេក និងត្រូវមានភាពស៊ីគ្នា)
  • បង្កើតភាពងាយស្រួលនៅក្នុងទិញ ចៀសវាងច្រើនដំណាក់កាលដែលមានភាពស្មុគស្មាញ

ជំហានទី៤៖ បង្កើតការផ្សព្វផ្សាយដែលរហ័ស និងមានប្រសិទ្ធភាព

«កុំកាប់បំពង់ រងចាំទឹកភ្លៀង» នេះបានន័យថា កុំចាំអតិថិជនមករក តែត្រូវមានវិធីសាស្ត្ររកអតិថិជន ហើយជាអតិថិជនគោលដៅទៀតផង។

ការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ ជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពក្នុងការទាក់ទាញអតិថិជនឲ្យស្គាល់ផលិតផលរបស់អ្នក។ ចុចម្តង ចាយម្តង (Pay-per-click) ជាវិធីសាស្ត្រផ្សព្វផ្សាយរហ័ស ដែលអាចឲ្យអតិថិជនអាចស្វែងរកផលិតផលរបស់អ្នក បានកាន់តែងាយស្រួល និងមានភាពរហ័សជាងមុន។

ជំហានទី៥៖ បង្កើតអតិថិជនតាមរយៈការចែកចាយផលិតផលចំគោលដៅ

មានទីផ្សារហើយ មានផលិតផលហើយ មានកន្លែងចែកចាយហើយ ជំហានបន្ទាប់គឺត្រូវធ្វើឲ្យអតិថិជនគោលដៅស្គាល់ផលិតផលឬសេវាកម្មរបស់អ្នក។ សិក្សាទៅលើបរិបទសង្គម តើសព្វថ្ងៃមនុស្សមើលអ្វីច្រើន ហើយចាប់អារម្មណ៍លើអ្វីច្រើនជាងគេ ដូចជា ការធ្វើវីដេអូផ្សព្វផ្សាយ ប្រភេទអត្ថបទខ្លីៗ ឬជាប្រភេទរូបភាព។

បង្កើតទំនាក់ទំនងជាមួយអតិថិជន ជាមួយសារអេឡិចត្រូនិកដោយបញ្ជូលនូវដំណោះស្រាយនូវចម្ងល់របស់អតិថិជន និងការឆ្លើយតបដោយស្វ័យប្រវត្តិ។

ជំហានទី៦៖ បិទការលក់ដោយជោគជ័យ និងបង្កើនចំនួននៃការលក់

អ្នកអាចបិទការលក់ដោយជោគជ័យ និងបង្កើនចំនួននៃការលក់ គឺស្ថិតនៅក្នុងជំហានទី៧ នេះហើយ។ ហោចណាស់ មនុស្ស ៣៦ ភាគរយ ដែលទិញផលិតផលរបស់អ្នក និងត្រឡប់មកម្តងទៀត នៅពេលដែលអ្នកនៅតែបន្តទំនាក់ទំនងជាមួយពួកគេ។ កំហុសដ៏ធំ ដែលធ្វើឲ្យបរាជ័យក្នុងការបិទការលក់គឺការណែនាំផលិតផលដែលមានតម្លៃថ្លៃ។

នេះជាវិធីសាស្ត្រក្នុងការបិទការលក់ និងបង្កើនការលក់ យ៉ាងមានប្រសិទ្ធភាព៖

  • ណែនាំអតិថិជននូវផលិតផលដែលមានតម្លៃស្តង់ដា
  • ផ្តល់ជូនគូប៉ុងបញ្ចុះតម្លៃដែលពួកគេអាចប្រើប្រាស់បាននៅពេលដែលមកលើកក្រោយ
  • បង្ហោះលើផេកជាមួយពាក្យ អរគុណ ដោយភ្ជាប់ជាមួយផលិតផល ដែលអតិថិជនបានទិញ

ជំហានទាំង ៦ ខាងលើជាមូលដ្ឋានគ្រឹះសម្រាប់ការប្រើប្រាស់នៅក្នុងការចាប់ផ្តើមមុខជំនួញនៅក្នុងវិស័យអនឡាញ៕

អត្ថបទ៖ កែវ សុខអាត


អំពីអេកូផេឌារ

ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​ឈានមុខគេតែ​មួយ​គត់​ ដែល​​​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។ អេកូផេឌារ៍ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​ និង​វិស័យ​ឯកជនប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។



យុទ្ធនាការគាំទ្រជំនួញ

  • ក្រុមអ្នកជំនួញ
  • យុទ្ធនាការរកអតិថិជន


ការកែតម្រូវ

  • អត្ថបទកែតម្រូវ
  • មតិយោបល់

បណ្តាញសង្គម