អ្នកជំនួញអាជីវកម្ម Franchise គួរដឹង ៥ ចំណុចនេះ

September 22, 2022
វិនិយោគិនម្នាក់ចំណាយទុនទិញហ្វ្រេនឆាយ ក្នុងតម្លៃ ៤០ ម៉ឺនដុល្លា ជាមួយចំណូលត្រឡប់ត្រឹម ៥ ម៉ឺនដុល្លា ក្នុង ១ឆ្នាំ។ តើអ្នកគិតថានេះជាការវិនិយោគលើអាជីវកម្ម ហ្វ្រេនឆាយ ដែលត្រឹមត្រូវឬទេ?

១. ចំណូល​ត្រូវ​ធំ​ ជាង​ចំណាយ​ទិញ​ហ្រ្វេនឆាយ

២. ពង្រឹង​ជំនាញ​​បន្ថែម លើអាជីវកម្មហ្វ្រេនឆាយ​

៣. កំណត់​គោលដៅ​អតិថិជន​​ជា​ប្រភព​ចំណូល​

៤. មានគំនិតច្នៃប្រឌិត បង្កើតភាពលេចធ្លោ

៥. ការចំណាយចំគោលដៅ  

វិនិយោគិនម្នាក់ចំណាយទុនទិញហ្វ្រេនឆាយ ក្នុងតម្លៃ ៤០ ម៉ឺនដុល្លា ជាមួយចំណូលត្រឡប់ត្រឹម ៥ ម៉ឺនដុល្លា ក្នុង ១ឆ្នាំ។ តើអ្នកគិតថានេះជាការវិនិយោគលើអាជីវកម្ម ហ្វ្រេនឆាយ ដែលត្រឹមត្រូវឬទេ?

វិនិយោគិនដែលចង់ពង្រីកអាជីវកម្ម រមែងគិតដល់ការទិញ-លក់សិទ្ធិនៅក្នុងការចែកចាយបន្តនូវផលិតផល ឬសេវាកម្ម ដែលនេះជាមធ្យោបាយដ៏មានប្រជាប្រិយភាពសម្រាប់ការចាប់ផ្តើមមុខជំនួញ ជាពិសេសក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្លាំង។

អាជីវកម្ម ហ្វ្រេនឆាយ ជាការទិញ-លក់សិទ្ធិដើម្បីធ្វើជាម្ចាស់អាជីវកម្មលើស្លាកយីហោដែលមានប្រ៊េនលើទីផ្សារស្រាប់ និងវិធីសាស្ត្រដើម្បីដំណើរការអាជីវកម្មមួយនោះ។

សម្រាប់វិនិយោគិនដែលចង់ចាប់ផ្តើមអាជីវកម្ម ហ្វ្រេនឆាយ ត្រូវគិតពីចំណុចធំៗ ទាំង ៥ នេះជាមុនសិន។

ខាងក្រោមនេះជាចំណុចធំៗ ទាំង ៥ ក្នុងការចាប់ផ្តើមអាជីវកម្ម ហ្វ្រេនឆាយ៖

ចំណុចទី១៖ ចំណូល​ត្រូវ​ធំ​ ជាង​ចំណាយ​ទិញ​ហ្រ្វេនឆាយ

វិនិយោគិនអាជីវកម្ម ហ្វ្រេនឆាយ ត្រូវចេះប៉ាន់ប្រមាណទំហំនៃការវិនិយោគជាមួយនិងចំណូលត្រឡប់។ ការចាប់ផ្តើមអាជីវកម្មប្រភេទនេះត្រូវការទុនសម្រាប់វិនិយោគច្រើន ដើម្បីទិញស្លាកយីហោ (ដែលមានប្រ៊េនស្រាប់) និងដំណើរការផ្សេងៗដែលជាតម្រូវការរបស់ម្ចាស់ដើម។

អ្នកមិនគួរវិនិយោគលើ ហ្វ្រេនឆាយ ដែលមានតម្លៃថ្លៃកប់ពពក ឬមានតម្លៃខ្ពស់ជាងចំណូលត្រឡប់ក្នុងរយៈពេលកំណត់ណាមួយនោះទេ។ ឧទាហរណ៍ជាក់ស្តែង ហ្វ្រេនឆាយ តម្លៃ ៤០ ម៉ឺនដុល្លា ជាមួយចំណូលត្រឡប់ត្រឹម ៥ ម៉ឺនដុល្លា ក្នុង ១ឆ្នាំ។

វិនិយោគិនអាជីវកម្ម ហ្វ្រេនឆាយ ត្រូវវាស់វែងឲ្យបានច្បាស់ពីទំហំទុនវិនិយោគ រួមទាំងទំហំ និងទីតាំងរបស់អាជីវកម្មនៅពេលដែលបម្លែងអាជីវកម្មមួយនេះឲ្យក្លាយជាអាជីវកម្មរបស់ខ្លួន។

ចំណុចទី២៖ ​ពង្រឹង​ជំនាញ​​បន្ថែម លើអាជីវកម្មហ្វ្រេនឆាយ

ការចាប់ផ្តើមអាជីវកម្ម ហ្វ្រេនឆាយ ប្រើពេលវេលាយូរ ត្រូវការភាពអត់ធ្មត់ និងការខំប្រឹងប្រែងខ្ពស់។ អ្នកប្រាកដជាឆ្ងល់ហើយថា ហេតុអ្វីចាំបាច់ត្រូវប្រឹងប្រែង បើប្រ៊េនគេមានលើទីផ្សារស្រាប់? អាជីវកម្ម ហ្វ្រេនឆាយ មួយចំនួនអាចរកចំណូលបានងាយស្រួល និងដំណើរការរលូន ខណៈមួយចំនួនត្រូវដួលរលំបន្ទាប់ពីបើកដំណើរការបានមួយរយៈ។

ខាងក្រោមនេះជាបញ្ហាធំៗ ៣ ដែលអាជីវកម្ម ហ្វ្រេនឆាយ ថ្មោងថ្មីជួបប្រទះ៖

១. ប្រើពេលវេលាយូរដើម្បីឲ្យអាជីវកម្មមានលំនឹងដូចម្ចាស់ដើម

២. មិនមានបទពិសោធន៍ និងជំនាញក្នុងការលក់

៣. ការប្រកួតប្រជែងក្នុងទីផ្សារ

ចំណុចទី៣៖  កំណត់​គោលដៅ​អតិថិជន​​ជា​ប្រភព​ចំណូល​

នៅពេលដែលអ្នកចាប់ផ្តើមអាជីវកម្ម ហ្វ្រេនឆាយ អ្នកទិញបានតែស្លាកយីហោ និងគំនិតនៃដំណើរការអាជីវកម្មប៉ុណ្ណោះ។ ប៉ុន្តែធ្វើយ៉ាងណាឲ្យអាជីវកម្មជោគជ័យ គឺអាស្រ័យលើអ្នក ដែលជាអ្នកទទួលសិទ្ធិក្នុងនាមជាម្ចាស់អាជីវកម្មលក់បន្ត។

ដូច្នេះអ្នកត្រូវបែងចែក និងកំណត់ឲ្យបានច្បាស់ថាតើអ្នកណាជាប្រភព និងជាអ្នកបង្កើតចំណូលពិតប្រាកដ?

ចំណុចទី ៤៖ មានគំនិតច្នៃប្រឌិត បង្កើតភាពលេចធ្លោ

តើអ្វីជាអាថ៌កំបាំងនៃអាជីវកម្ម ហ្វ្រេនឆាយ របស់អ្នក? អ្នកត្រូវដឹងថា អ្នកមានប្រាក់វិនិយោគលើអាជីវកម្ម ហ្វ្រេនឆាយ វិនិយោគិនផ្សេងទៀតក៏ដូចគ្នា ប៉ុន្តែបើអ្នកបង្កើតភាពតែមួយនៅក្នុងផលិតផល ឬសេវាកម្ម នៅក្នុងអាជីវកម្ម ហ្វ្រេនឆាយ ដែលវិនិយោគិនដ៏ទៃគ្មាន នោះអាជីវកម្ម ហ្វ្រេនឆាយ របស់អ្នកនឹងលេខធ្លាជាងគេ។

ទីផ្សារមានការប្រកួតប្រជែង បើអ្នកគ្មានគំនិតច្នៃប្រឌិត និងមិនមានការបង្កើតភាពលេចធ្លោ អាជីវកម្មរបស់អ្នកប្រាកដជាជួបបញ្ហា។

ថ្ងៃលិច គង់រះវិញនៅពេលព្រឹក តែអាជីវកម្ម បើដួលរលំហើយ ពិបាកស្រោចស្រង់ណាស់ តោងគិតឲ្យបានច្បាស់មុនចាប់ផ្តើម និងមានគម្រោងច្បាស់លាស់ គួបផ្សំគំនិតនៃភាពច្នៃប្រឌិតខ្ពស់។

ចំណុចទី ៥៖ ការចំណាយចំគោលដៅ  

អ្នកកំពុងបង្កើតកំហុសឆ្គងដ៏ធំ ប្រសិនបើអ្នកគិតថា មានត្រឹមប្រ៊េនស្លាកយីហោ អាចឲ្យអាជីវកម្មរបស់អ្នកដំណើរការយ៉ាងបានរលូន ហើយមានអតិថិជនច្រើនដូចម្ចាស់ដើម។

ហ៊ាននៅក្នុងការចំណាយ សម្រាប់ការតុបតែងលម្អហាង រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួន (ដែលចាំបាច់) ប៉ុន្តែអ្នកត្រូវធ្វើបញ្ជីចំណាយ ដើម្បីចៀសវាង ការចំណាយខុសខ្ទង់។ ការចំណាយចំគោលដៅ អាចឲ្យអ្នកទទួលបានលទ្ធផលខ្ពស់ពីអ្វីដែលអ្នករំពឹងទុក។

ចំណុចទាំង ៥ ខាងលើនេះអាចជាជំនួយដល់វិនិយោគិនក្នុងការបង្កើតស្លាកយីហោដែលមានសក្តានុពល និងអាចប្រើប្រាស់ក្នុងការវាស់វែងផលប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ៕

អត្ថបទ៖ កែវ សុខអាត


អំពីអេកូផេឌារ

ជា​គេហទំព័រ​ព័ត៌មាន​សេដ្ឋកិច្ច​ឈានមុខគេតែ​មួយ​គត់​ ដែល​​​ផ្ដោ​ត​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ចកម្ម និង​​ដំណើរ​ការ​អភវិឌ្ឍ​អាជីវកម្ម នៅ​ក្នុង​ប្រទេស​កម្ពុជា។ អេកូផេឌារ៍ ផ្ដល់​ព័ត៌មាន​​សេដ្ឋកិច្ច​​សម្រាប់​ ពលរដ្ឋ​ និង​វិស័យ​ឯកជនប្រើប្រាស់ ដើម្បី​ឈាន​ដល់​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ។យុទ្ធនាការគាំទ្រជំនួញ

  • ក្រុមអ្នកជំនួញ
  • យុទ្ធនាការរកអតិថិជន


ការកែតម្រូវ

  • អត្ថបទកែតម្រូវ
  • មតិយោបល់

បណ្តាញសង្គម